
រៀបរៀងដោយក្រុមការងារព្រឹត្តិបត្រច្បាប់នៃសមាគមសាលាត្រាជូ
អធិបតេយ្យ / Sovereignty / Souveraineté
ជាកំណត់សម្គាល់ យោងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបញ្ជាក់ថា (…) កុំប្រើជា «អធិបតេយ្យភាព» ឡើយ ដ្បិត «អធិបតេយ្យ» ប្រែថា «ភាវៈ ឬភាព…នៃអធិបតី» ដូចគ្នានឹងអធិបតីភាព ស្រេចទៅហើយ (…)។ ដូច្នេះគួរប្រើ «អធិបតេយ្យ» ជាជាងប្រើ «អធិបតេយ្យភាព»។ នៅក្នុងបុព្វកថា របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ យើងឃើញមានការសរសេរយោងស្ដីពីអធិបតេយ្យ កម្ពុជា៖ ««យើងប្រជារាស្រ្តខ្មែរ (…) បានភ្ញាក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ឱ្យទៅជា «កោះសន្ដិភាព» (…)»»។
អធិបតេយ្យ ត្រូវបានផ្ដល់និយមន័យដូចខាងក្រោម៖
- នៅក្នុងច្បាប់ជាតិ អធិបតេយ្យសំដៅដល់អំណាចកំពូលដើម្បីគ្រប់គ្រង បញ្ជា និងសម្រេច ដែលផ្សារភ្ជាប់ទៅនឹងរដ្ឋទំនើប និងមិនអាចកាត់ផ្ដាច់ពីរដ្ឋបានឡើយ។ ជាក់ស្ដែង ជំពូកទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ចែង «អំពី អធិបតេយ្យ»។ មាត្រា១ នៃច្បាប់កំពូលនេះចែងថា៖ « (…) ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត្យអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ»។ មាត្រា១២ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ចែងពីគោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌ កម្ពុជា៖ «ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែលបាន ប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា»។
- នៅក្នុងច្បាប់អន្តរជាតិ អធិបតេយ្យជាលក្ខណវិនិច្ឆ័យនៃរដ្ឋដែលមានន័យថា រដ្ឋអធិបតេយ្យ មិនស្ថិតក្រោមអំណាចណាមួយដែលមានប្រភេទដូចគ្នា ពោលគឺមិនស្ថិតនៅក្រោមរដ្ឋអធិបតេយ្យ មួយផ្សេងទៀត។ ក្នុងន័យនេះ អធិបតេយ្យ មានន័យដូចទៅនឹងឯករាជ្យភាពរបស់រដ្ឋ។ គោលការណ៍នេះ ត្រូវបានចែងក្នុងមាត្រា១ កថាខណ្ឌទី២ និងមាត្រា២ កថាខណ្ឌទី១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៥ ព្រមទាំងមាត្រា២ កថាខណ្ឌទី២ ចំណុច ក នៃធម្មនុញ្ញអាស៊ាន ឆ្នាំ២០០៧។ រដ្ឋសមាជិកនៃសហគមន៍អន្តរជាតិមានសិទ្ធិ និងកាតព្វកិច្ច ដូចៗគ្នានៅចំពោះមុខច្បាប់អន្តរជាតិ បើទោះបីជារដ្ឋនោះមានទំហំផ្ទៃដីធំ មានប្រជាជនច្រើន មានសេដ្ឋកិច្ចអភិវឌ្ឍ ឬរដ្ឋនោះជារដ្ឋតូច មានប្រជាជនតិច និងមានការអភិវឌ្ឍតិចតួច។ នេះគឺជាគោលការណ៍សមភាពអធិបតេយ្យ / Sovereign Equality Principle / Principe de l’égalité souveraine។
- អធិបតេយ្យ សំដៅដល់សមត្ថភាពគតិយុត្តពេញលេញ និងទាំងមូលរបស់រដ្ឋអធិបតេយ្យ ដែលអនុញ្ញាតឱ្យរដ្ឋនៅក្នុងទំនាក់ទំនងអន្តរជាតិមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្ត និង ប្រើប្រាស់សិទ្ធិដែលត្រូវបានទទួលស្គាល់ដោយនីតិអន្តរជាតិ។ ក្នុងន័យនេះ អធិបតេយ្យគឺជា លទ្ធភាព ឬអំណាចនៃការសម្រេច បំពេញកិច្ចអ្វីមួយ និងបង្កើតជាវិធានអ្វីមួយ។ ជាក់ស្ដែង រដ្ឋអធិបតេយ្យមានសមត្ថភាពពេញលេញក្នុងការចុះសន្ធិសញ្ញាអន្តរជាតិ និងការព្រមព្រៀង នានានៅក្នុងទំនាក់ទំនងអន្តរជាតិ។ មាត្រា៦ នៃអនុសញ្ញាទីក្រុងវីយែនស្ដីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩ ចែងថា «រដ្ឋទាំងអស់មានសមត្ថភាពចុះសន្ធិសញ្ញាអន្តរជាតិ»។
- អធិបតេយ្យ គឺស្ដែងឡើងតាមរយៈការអនុវត្ត ឬប្រតិបត្តិអំណាចរបស់រដ្ឋដើម្បីអនុញ្ញាត ឱ្យរដ្ឋអាចសម្រេចដោយខ្លួនឯង អំពីដែនសមត្ថកិច្ច និងដែនកំណត់របស់ខ្លួន ដោយគ្មាន ការជ្រៀតជ្រែកពីរដ្ឋផ្សេងទៀត។ ទាញចេញពីនិយមន័យទី៤នេះ គេឃើញមានគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ / Non-Interference Principle / Principe de non-ingérence។
- ជារឿយៗ នៅក្នុងភាសាការទូត និងសំណេរផ្លូវការនៃបទដ្ឋានគតិយុត្តអន្តរជាតិ គេតែងប្រើ អធិបតេយ្យដោយភ្ជាប់ទៅនឹងសញ្ញាណផ្សេងទៀតដូចជា អធិបតេយ្យដែនដី រដ្ឋអធិបតេយ្យ សមភាពអធិបតេយ្យ អធិបតេយ្យនិងបូរណភាពទឹកដី អធិបតេយ្យនិងឯករាជ្យជាតិ…។ ជាក់ស្ដែង ដើម្បីឈានទៅកំណត់អធិបតេយ្យដែនដីកម្ពុជាជាមួយថៃ និងជៀសវាងការរំលោភ អធិបតេយ្យ និងបូរណភាពទឹកដី (ព្រំដែនគោកកម្ពុជា-ថៃ) មាត្រា១ នៃអនុស្សរណៈយោគយល់គ្នា ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (ហៅកាត់ MOU ឆ្នាំ២០០០) / Memorandum of Understanding between the Government of the Kingdom of Cambodia and the Government of the Kingdom of Thailand on the Survey and Demarcation of Land Boundary 14 June 2000 (MOU 2000) ចែងថា ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារដូចតទៅ៖
- (ក) – អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀតដែលបានចុះ ហត្ថលេខា នៅទីក្រុងប៉ារីស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។
- (ខ) – សន្ធិសញ្ញារវាងព្រះមហាក្សត្រសៀម និងប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង ចុះហត្ថលេខា នៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែន ដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ និង
- (គ) – បណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខ័ណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម បង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀត ដែលទាក់ទងទៅនឹងការអនុវត្តនៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម។
6. នៅក្នុងច្បាប់អន្តរជាតិ អធិបតេយ្យគឺជាគោលការណ៍គ្រឹះសំខាន់ និងចម្បងជាងគេបំផុតក្នុងចំណោមគោលការណ៍ដទៃផ្សេងទៀត។ អធិបតេយ្យគឺជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំបីផ្សេងទៀតរបស់រដ្ឋទំនើប (ដែនដី ប្រជាជន និងរដ្ឋាភិបាល)។ មាត្រា១ នៃអនុសញ្ញាម៉ុងតេវីដេអូ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់រដ្ឋ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៣៣ ចែងថារដ្ឋមួយត្រូវមានគុណវុឌ្ឍិដូចខាងក្រោម៖ ១. ប្រជាជនអចិន្ត្រៃយ៍ ២. ដែនដីកំណត់ ៣. រដ្ឋាភិបាល និង ៤. សមត្ថភាពនៅក្នុងការមានទំនាក់ទំនងជាមួយរដ្ឋដទៃទៀត។ គុណវុឌ្ឍិទី៤ ស្ដីពី «សមត្ថភាព នៅក្នុងការមានទំនាក់ទំនងជាមួយរដ្ឋដទៃទៀត» គឺជាអធិបតេយ្យដែលជាធាតុផ្សំទី៤របស់រដ្ឋទំនើប។
ករណី «ការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាព ទឹកដីកម្ពុជា»
ការវាយឆ្មក់ដោយកងកម្លាំងយោធាថៃមកលើលេណដ្ឋានយោធាឈរជើងកម្ពុជាដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងបណ្ដាលឱ្យយោធិនកម្ពុជា១រូបស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គឺជាការរំលោភបំពានគោលការណ៍អធិបតេយ្យដូចមានចែងនៅក្នុងមាត្រា១ កថាខណ្ឌទី២ និងមាត្រា២ កថាខណ្ឌទី១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៥, មាត្រា២ កថាខណ្ឌទី២ ចំណុច ក នៃធម្មនុញ្ញអាស៊ាន ឆ្នាំ២០០៧ ព្រមទាំង MOU ឆ្នាំ២០០០។
ការបើកការវាយប្រហារដោយគិតទុកជាមុន និងដោយប្រើប្រាស់អាវុធយុទ្ធភណ្ឌធន់ធ្ងន់គ្រប់ប្រភេទ តាមរយៈទ័ពថ្មើរជើង ការប្រើប្រាស់យន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម អាវុធគីមីពីសំណាក់កងកម្លាំង យោធាថៃ ថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាព ដែនដីកម្ពុជា ដែលទទួលស្គាល់តាមរយៈមាត្រា១ នៃ MOU ឆ្នាំ២០០០ ព្រមទាំងសាលដីកាតុលាការ យុត្តិធម៌អន្តរជាតិក្នុងសំណុំរឿងប្រាសាទព្រះវិហារ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងសាលដីកាបកស្រាយ ប្រាសាទព្រះវិហារ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ សូមគូសបញ្ជាក់ផងដែរថា តាមរយៈសាលដីកា ទាំងពីរនេះ តុលាការ ICJ បានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ ស្ថិតនៅក្នុង ដែនដីដែលជាអធិបតេយ្យផ្ដាច់មុខរបស់កម្ពុជា ដោយតុលាការសំអាងលើផែនទីដងរែកមាត្រដ្ឋាន ១/២០០.០០០ (ផែនទីឧបសម្ព័ន្ធទី I) ដែលជាលទ្ធផលនៃកិច្ចការខ័ណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម បង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។
ទាញយកជា៖ PDF