រៀបរៀងដោយ៖ ក្រុមការងារព្រឹត្តិបត្រច្បាប់

«សមភាពអធិបតេយ្យ» (Sovereign Equality Principle /​ Principe de l’égalité souveraine)

ទាញចេញពីគោលការណ៍អធិបតេយ្យដូចបានរៀបរាប់ខាងលើ សមភាពអធិបតេយ្យជាគោលការណ៍គ្រឹះ សំខាន់បន្ទាប់ ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៥។ មាត្រា២ កថាខណ្ឌទី១ ចែងថាអង្គការសហប្រជាជាតិ និងសមាជិកទាំងអស់ត្រូវគោរពអនុលោមតាមគោលការណ៍សមភាពអធិបតេយ្យ នៃរដ្ឋជាសមាជិក។ គោលការណ៍នេះក៏មានចែងផងដែរនៅក្នុងមាត្រា២ កថាខណ្ឌទី១ ចំណុច ក នៃធម្មនុញ្ញ អាស៊ាន ឆ្នាំ២០០៧។

តាមរយៈគោលការណ៍នេះ រដ្ឋមានសិទ្ធិ និងកាតព្វកិច្ចដូចគ្នានៅចំពោះមុខច្បាប់អន្តរជាតិ។ ជាក់ស្ដែង រដ្ឋសមាជិកអង្គការសហប្រជាជាតិមានសិទ្ធិបោះឆ្នោតមួយសំឡេងដូចគ្នា (រដ្ឋមួយ សំឡេងមួយ) និងទទួលខុសត្រូវដូចគ្នាចំពោះការរំលោភបំពានវិធានណាមួយនៃច្បាប់អន្តរជាតិ (ការទទួលខុសត្រូវរបស់រដ្ឋ ចំពោះសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ)។ កាលណាគេនិយាយអំពីសមភាពអធិបតេយ្យ គេតែងភ្ជាប់ គោលការណ៍នេះទៅនឹងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ (Non-Interference Principle / Principe de non-ingérence), គោលការណ៍ហាមឃាត់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ (Non-use of Force Principle / Principe d’Interdiction du recours à la force​), គោលការណ៍ដោះស្រាយវិវាទអន្តរជាតិ ដោយសន្តិវិធី (Principle of Peaceful Settlement of Disputes / Principe du règlement pacifique des différends)  និងការទទួលបានការការពារពីច្បាប់អន្តរជាតិពាក់ព័ន្ធនឹងបុព្វសិទ្ធិ អភ័យឯកសិទ្ធិរបស់រដ្ឋ និងអ្នកតំណាងរបស់រដ្ឋ/ភ្នាក់ងាររដ្ឋ (State Privilege and Immunity / State Agent Privilege and Immunity / l’immunité de l’État / Les privilèges et les immunités de l’État et de leur agents)។

តាមរយៈអភ័យឯកសិទ្ធិរបស់ភ្នាក់ងារតំណាងរដ្ឋ (State Agent Immunity / les immunités des agents de l’État) ដែលជាផ្នែកមួយនៃគោលការណ៍សមភាពអធិបតេយ្យ, រដ្ឋមួយមិនត្រូវបានអនុញ្ញាតឱ្យ ប្រើប្រាស់វិធានការច្បាប់ផ្ទៃក្នុង ឧទាហរណ៍ដូចជាការធ្វើបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងភ្នាក់ងារតំណាងរបស់ រដ្ឋមួយទៀតនោះទេ ដោយសារតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​ រដ្ឋមន្ត្រីការបរទេស អ្នកតំណាងស្របច្បាប់ របស់រដ្ឋមួយត្រូវបានការពារដោយច្បាប់អន្តរជាតិ តាមរយៈការប្រគល់ជូននូវអភ័យឯកសិទ្ធិដើម្បីធានា ឱ្យបាននូវការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងនាមរដ្ឋអធិបតេយ្យ ស្មើមុខស្មើមាត់ស្មើសិទ្ធិ ជាមួយនឹងអ្នកតំណាង/ភ្នាក់ងាររបស់រដ្ឋអធិបតេយ្យមួយផ្សេងទៀត។ យុត្ដិសាស្ត្រអន្តរជាតិ (សាលដីកា តុលាការយុត្តិធម៌អន្តរជាតិ) បានទទួលស្គាល់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នេះ ឧទាហរណ៍ សាលដីកាតុលាការ ICJ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ នៅក្នុងសំណុំរឿងសកម្មភាពប្រដាប់អាវុធ ក្នុងដែនដីកុងហ្គោ (កុងហ្គោ​ ទល់នឹង រវ៉ាន់ដា) និងសាលដីកា តុលាការ ICJ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០២ ក្នុងសំណុំរឿងដីកាបង្គាប់ចាប់ខ្លួន (សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ ទល់នឹង បែលហ្ស៊ិក)។ ការបំពាន នូវគោលការណ៍ទំនៀមទម្លាប់អន្តរជាតិ ដែលមានតាំងពីយូរយាមកហើយនៅក្នុងទំនាក់ទំនងអន្តរជាតិ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរដល់​ជំនឿទុកចិត្ត គោលការណ៍សន្ដិសហវិជ្ជមានដែលរដ្ឋក្បែរខាងត្រូវប្រកាន់ យកឱ្យខានតែបានដើម្បីជៀសវាងអរិភាព និងវិវាទនានា ជាពិសេសវិវាទព្រំដែនដែលមានភាពស្រួចស្រាល់ និងរសើបដែលតោងទាមខ្លាំងនូវជំនឿ និងទំនុកចិត្តទៅវិញទៅមករវាងរដ្ឋ និងរដ្ឋ ក៏ដូចជាប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាល។

គោលការណ៍សមភាពអធិបតេយ្យនេះ ត្រូវបានលទ្ធិអន្តរជាតិមួយចំនួនរិះគន់ថាជាការស្រមើស្រមៃ និងពុំមានភាព​ប្រាកដនិយមនោះទេ ពីព្រោះថានៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋមហាអំណាច ឬ រដ្ឋដែល មានសេដ្ឋកិច្ចរីកចម្រើន និងមានអាវុធមហាប្រល័យតែងបំពានជារឿយៗនូវវិធានច្បាប់អន្តរជាតិ ឧទាហរណ៍ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ព្រមទាំងជម្លោះប្រដាប់អាវុធ និងសង្គ្រាម ឈ្លានពាននានា ដែលតែងបង្កឡើងដោយរដ្ឋដែលមានប្រជាជនច្រើន មានដែនដីធំ មានសេដ្ឋកិច្ចអភិវឌ្ឍ ជាឧទាហរណ៍ ដូចជាការឈ្លានពានពីសំណាក់កងកម្លាំងយោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជាជាដើម។

ករណី «ការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យ និងបូរណភាព ទឹកដីកម្ពុជា»

ការវាយឆ្មក់ដោយកងកម្លាំងយោធាថៃមកលើលេណដ្ឋានយោធាឈរជើងកម្ពុជាដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងបណ្ដាលឱ្យយោធិនកម្ពុជា១រូបស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការរំលោភបំពានគោលការណ៍សមភាពអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រា២ កថាខណ្ឌទី១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៥ ព្រមទាំងមាត្រា២ កថាខណ្ឌទី២ ចំណុច ក នៃធម្មនុញ្ញអាស៊ាន ឆ្នាំ២០០៧។

ការបើកការវាយប្រហារដោយគិតទុកជាមុន និងដោយប្រើប្រាស់អាវុធយុទ្ធភណ្ឌធន់ធ្ងន់គ្រប់ប្រភេទ តាមរយៈទ័ពថ្មើរជើង ការប្រើប្រាស់យន្តហោះចម្បាំង F16 គ្រាប់បែកចង្កោម អាវុធគីមីពីសំណាក់កងកម្លាំង យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ អធិបតេយ្យ។

កំណត់ទូតក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា លេខ 1571 MFA-IC/LC4 ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥​ ផ្ញើទៅស្ថានទូតថៃ ដើម្បីតវ៉ាអំពីការណ៍ដែលអគ្គលេខាធិការរង នៃនាយករដ្ឋមន្ត្រីថៃដាក់ពាក្យបណ្ដឹងប្រឆាំង នឹងសម្ដេចតេជោ ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនា ជាមួយនាយករដ្ឋមន្ត្រីថៃ ក៏បានចែងអំពី សមភាពអធិបតេយ្យ ផងដែរថា៖ «រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក បណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយដែលនឹងបង្កការយល់ច្រឡំបន្ថែមទៀតរវាង កម្ពុជា និងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ មួយពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ រំលោភបំពានគោលការណ៍សមភាព​អធិបតេយ្យ និងការគោរពគ្នា ទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញ​អង្គការសហប្រជាជាតិ»

កំណត់ទូតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា លេខ SM 13/2025 MFA.IC ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានកត់សម្គាល់ដោយក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងដោយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសថៃ ទាក់ទងនឹង ការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិប្រទានពី ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមអំណាចនៃព្រះរាជសារ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដើម្បីធ្វើ ទំនាក់ទំនងជាមួយជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំនិងអនុវត្ត វិធានការផ្លូវច្បាប់របស់ថៃប្រឆាំងនឹងថ្នាក់ដឹកនាំកំពូល កម្ពុជាដែលមានអភ័យឯកសិទ្ធិ អនុលោមតាមច្បាប់អន្តរជាតិ គឺជាការរំលោភបំពានទៅលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសគោលការណ៍សមភាព​អធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលជាគោលការណ៍គ្រឹះនៃការរួមរស់ជាមួយគ្នាដោយសន្ដិសហវិជ្ជមាន ព្រមទាំងធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរដែលកំពុងតែមានភាពតានតឹងស្រាប់ រឹតតែធ្ងន់ធ្ងរឡើង និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវបទឈប់បាញ់​ និងស្ដារនូវប្រក្រតីភាពឡើងវិញ។​

ទាញយកជា៖ PDF