នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសាលាត្រាជូ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ផល ពិសាល ប្រធានគណៈប្រតិភូ និងជាអនុប្រធានសមាគមសាលាត្រាជូ ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាលេខាធិការដ្ឋាន អ្នកហាត់ការច្បាប់ កម្មសិក្សាការី និងអ្នកហាត់ការរដ្ឋបាលជំនាន់ទី២៨ ចំនួន៣៥រូប។

ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ឆែម នាង ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី, លោកជំទាវ លឹម គី ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងលោក លោកស្រី បណ្ណរក្សនៃបណ្ណសារដ្ឋានជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមារញឹកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងផ្តល់កិត្តិយសធ្វើបទបង្ហាញដ៏មានតម្លៃអំពីប្រវត្ដិស្ថាប័ន និងតួនាទីភារកិច្ច ព្រមទាំងសារៈសំខាន់ឯកសារនានារបស់របស់បណ្ណសារដ្ឋានជាតិដែលជាឃ្លាំងផ្ទុកឯកសារដ៏មានតម្លៃរបស់ជាតិ និងជាបេតិកភណ្ឌអរូបី ប្រភេទទី ៣ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនៅក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សាខាងលើនេះ។

ព្រមជាមួយគ្នានេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម សេង ម៉ានោឫទ្ធិ អគ្គនាយកដ្ឋានរាជកិច្ច និងបណ្ណសារជាតិ ដែលបានអនុញ្ញាត និងសម្របសម្រួលយ៉ាងយកចិត្ដទុកដាក់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនៅក្នុងដំណើរទស្សនកិច្ចសិក្សានៅបណ្ណសារដ្ឋានជាតិប្រកបដោយរលូន។

ជាចុងក្រោយក្នុងដំណើរទស្សនកិច្ចសិក្សានេះ ឯកឧត្តមអនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅព្រឹត្តិបត្រច្បាប់សមាគម និងកម្រងស្នាដៃ៤ឆ្នាំរបស់សមាគម ចំនួន១ឈុត ជូនដល់បណ្ណសារដ្ឋានជាតិ។

សូមគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យសមាជិក សមាជិកា និងកម្មសិក្សាការីជំនាន់ទី២៨ របស់សមាគមសាលាត្រាជូ ទទួលបានឱកាសក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្ត្រស្រាវជ្រាវ និងស្វែងយល់បន្ថែមឱ្យកាន់តែទូលាយបន្ថែមទៀតអំពីស្ថាប័ន និងតួនាទីភារកិច្ចរបស់បណ្ណសារដ្ឋានជាតិ។

សមាគមសាលាត្រាជូ សូមលើកទឹកចិត្តដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ អញ្ជើញទៅសិក្សាស្រាវជ្រាវនៅបណ្ណាសារដ្ឋានជាតិ ដែលឃ្លាំងផ្ទុកឯកសារដ៏ធំរបស់ជាតិ។

👉 Facebook ៖ https://www.facebook.com/share/p/1HnjVuEP8e/?mibextid=wwXIfr

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Twitter I LinkedIn I TikTok I IG

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju