
ក្នុងដំណើរវឌ្ឍនភាពរយៈពេល១០ឆ្នាំមកនេះ ចាប់តាំងពីគំនិតផ្តួចផ្តើមដំបូងរហូតមកទល់ពេលនេះ រាល់គ្រប់សកម្មភាពរបស់សមាជិក សមាជិកា សមាគម រួមជាមួយកិច្ចសហគាំទ្រជាបន្តបន្ទាប់របស់ដៃគូសហការនានា ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមចំណែកជាមួយសមាគមសាលាត្រាជូ ក្នុងការពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងដ៏មានសក្តានុពលប្រមូលផ្តុំមូលធនបញ្ញវន្ត ដើម្បីជាមូលដ្ឋានក្នុងការចូលរួមចំណែកជាផ្នែកមួយនៃការខិតខំប្រឹងប្រែងជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ ក្នុងទិសដៅរួមមួយ គឺលើកស្ទួយវឌ្ឍនភាពស្រាវជ្រាវច្បាប់ វិបុលភាពបណ្តុះបណ្តាលច្បាប់ និងវិសាលភាពផ្សព្វផ្សាយច្បាប់។
បន្ថែមពីលើនេះ វិភាគទានតាមរយៈស្មារតី កម្លាំងកាយ បញ្ញា ធនធាន និងការលះបង់នានារបស់សមាជិក សមាជិកាសមាគមគ្រប់លំដាប់ថ្នាក់ពិតជាបានសរបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការរួមកម្លាំងដ៏មុតស្រួចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយតម្កល់ប្រយោជន៍រួមជាជាងប្រយោជន៍បុគ្គល ដែលនេះជាមូលដ្ឋានក្នុងការឈានទៅសម្រេចឱ្យបាននូវវិបុលភាព និងកិត្យានុភាពជាបន្ដបន្ទាប់របស់សមាគមសាលាត្រាជូ។
កិច្ចប្រជុំ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័ននានា ដែលតែងតែបោះដៃយោគយល់ និងជួយជ្រោមជ្រែងផ្តល់កិច្ចសហការជ្រោងប្រយោជន៍សហគមន៍ច្បាប់ជារួម។
កិច្ចប្រជុំបូកសរុបការងារសមិទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅការងារបន្ត ដឹកនាំដោយ ឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ ប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២៦ ជាន់ទី១១ អគារPPIU ក្បែរសមាគមសាលាត្រាជូ
👉🏻 Facebook Page ៖ https://www.facebook.com/share/p/1KEwFX3db5/?mibextid=wwXIfr
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ
Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju




