I. សាររំលែកទុក្ខ ជូនចំពោះ លោកជំទាវ ឆេង អេងលី ព្រមទាំងក្រុមគ្រួសារ

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសាលាត្រាជូ ពិតជាមានក្ដីរន្ធត់ចិត្ត និងសោកស្ដាយជាទីបំផុតក្រោយពីទទួលដំណឹងមរណភាពរបស់ ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង ព្រមទាំងជាគ្រូឧទ្ទេសផ្នែកច្បាប់ ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា  ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីក្រុងរ៉ាំបួយយ៉េ ប្រទេសបារាំង ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង គឺជាការបាត់បង់យ៉ាងធំធេងនូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ ក្នុងការចិញ្ចឹមបីបាច់ ថ្នាក់ថ្នមថែរក្សា ព្រមទាំងអប់រំណែនាំផ្ដល់ដំបូន្មានល្អៗ ធ្វើឱ្យកូន និងចៅ បានក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ ឯកឧត្តមបណ្ឌិត ជាមូលធនមនុស្សដ៏កម្រនិងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីចូលរួមចំណែកយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ក្នុងការលើកកម្ពស់វឌ្ឍនភាពនៃវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ ជាក់ស្ដែង ឯកឧត្ដមបណ្ឌិត បានខិតខំប្រឹងប្រែងពុះពារប្រកបដោយការតាំងចិត្ដមោះមុតរហូតទទួលបានតួនាទីដ៏ឧត្ដុង្គឧត្ដមជាប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំងដែលមានដើមកំណើតខ្មែរ និងបានវិលត្រលប់មកមាតុប្រទេសវិញជាមួយនឹងឆន្ទៈស្នេហាជាតិនិងមាតុភូមិដ៏ជ្រាលជ្រៅតាមរយៈការចូលរួមចំណែកក្នុងការជំរុញការងារស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់នៅកម្ពុជា ព្រមទាំងបានបន្សល់ទុកនូវកេរ្ដិ៍ឈ្មោះនិងស្នាដៃជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏ត្រូវបានចាត់ទុកជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូបដែលមានចំណេះដឹងជ្រៅជ្រះក្នុងព្រះធម៌ និងទស្សនវិជ្ជាព្រះពុទ្ធសាសនាដែលគួរជាទីគោរពស្ញប់ស្ញែង។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមសាលាត្រាជូ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាពន់ពេកជាមួយ លោកជំទាវ  ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារ មេត្ដាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា។

II. ប្រវត្តិរូបសង្ខេបឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ សមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង

ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង កើតនៅឆ្នាំ១៩៥២ នៅក្នុងខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត បានបញ្ចប់បរិញ្ញាប័ត្រ ច្បាប់ពីមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញនៅឆ្នាំ១៩៧៤។ បន្ទាប់មក ឯកឧត្តមបណ្ឌិត បានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ អន្តរជាតិនៅឆ្នាំ១៩៧៦ នៅប្រទេសបារាំង និងទទួលបានបណ្ឌិតច្បាប់ថ្នាក់រដ្ឋពីសាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុងប៉ារីស នៅឆ្នាំ១៩៨០។

ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន ជាប្រធានតុលាការព្រហ្មទណ្ឌបារាំង (១០០%)។ ចាប់ពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន សកម្មភាពក្រៅពីការកាត់ក្ដី (នៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រ តំណាងស្រុក ជាអាទិ៍) គឺប្រធានគណៈកម្មការត្រួតពិនិត្យ និងជាតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោត ឃុំ-ស្រុក។

ទាក់ទងនឹងផ្នែកគរុកោសល្យ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង គឺជាគ្រូបង្ហាត់បង្ហាញវិធីសាស្ត្រប្រើប្រាស់ហិរញ្ញវត្ថុ ឃុំ-ស្រុក និងពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៦ នីតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ដល់បេក្ខជនប្រឡងចូលសាលាជាតិចៅក្រមនិងសាលាក្រឡាបញ្ជីនៅប្រទេសបារាំង។

ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង ត្រូវបានតែងតាំង និងទទួលតួនាទី និងភារកិច្ចជាបន្តបន្ទប់ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសមាគមសាលាត្រាជូ៖

  • ត្រូវបានតែងតាំង និងផ្តល់ឋានៈជាអនុប្រធានគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ «គ.ប.ច.» តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ (PDF)
  • ត្រូវបានតែងតាំង និងផ្តល់ឋានៈជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ មានឋានៈស្មើ រដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២២៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ (PDF)
  • ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងជាសមាជិកក្រុមប្រឹក្សា វិទ្យាសាស្ត្រ និងគរុកោសល្យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា តាមរយៈប្រកាសលេខ ១២០ កយ.ប្រក/២៤ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ (PDF)
  • ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តរបស់សមាគមសាលាត្រាជូនៅឆ្នាំ២០១៧ រហូតមក និងត្រូវបានតែងតាំងឡើងវិញនៅក្នុងអាណត្តិទី៣ (ឆ្នាំ២០២២-២០២៦) តាមរយៈសេចក្តីសម្រេចគណៈកម្មការប្រតិបត្តិលេខ ០៤/២៣.សរ/តជ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ (PDF)

សូ​មមើលបន្ថែម

III. ស្នាដៃ និងសកម្មភាពផ្សេងៗរបស់ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ សមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង

១. សៀវភៅ និងស្នាដៃស្រាវជ្រាវ

  • ការការពារខ្លួនស្របច្បាប់ ឆ្នាំ២០២៤
  • សិទ្ធិ និងអភ័យឯកសិទ្ធិរបស់មេធាវីក្នុងសង្វៀនតុលាការនៃសាធារណរដ្ឋបារាំង (ទាញយកជា​ PDF)
  • ហ្លួងខាងលិច និងល្បិចសេ្តចកន ឆ្នាំ២០២២
  • វិជ្ជាជីវៈតុលាការ៖ ប្រមាណបុរស (ចៅក្រម) ឆ្នាំ២០២១ (ទាយយក​ ជា​ PDF)
  • នយោបាយ កម្ចាយមារ ឆ្នាំ២០១៩
  • ចៅក្រម ចំកណ្តាល ឆ្នាំ២០១៨ (ទាញយកជា PDF)
  • អន្តរកាល អាកាសធាតុ និងចក្រវាឡ ឆ្នាំ២០១៨
  • Génocide orphenlin ឆ្នាំ២០១៧
  • សិក្សាឱវាទ ព្រះសមណគោត្តម ឆ្នាំ២០១៦
  • បងណាត និងខ្ញុំ ឆ្នាំ២០១១
  • បាតុភូត បដិវត្តន៍ ទទេ! ឆ្នាំ១៩៧៤
  • MON Cambodge

សំណេរផ្ទាល់ដៃរបស់​ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង​ស្តីពីចំណាប់អារម្មណ៍ និងសន្និដ្ឋានបញ្ចប់ក្នុងកម្មវិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី៤ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) (Link)

សំណេរផ្ទាល់ដៃ

  • សិទ្ធិពិរុទ្ធជននៅក្នុងដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ (ទាញយក ជា PDF)

២. បាឋកថាសាធារណៈ និងសិក្ខាសាលា

  • វាគ្មិនកិតិ្តយស នៅក្នុងបាឋកថាសាធារណៈ ស្តីពី «វិជ្ជាជីវៈតុលាការ៖ ប្រមាណបុរស (ចៅក្រម)» ដែលប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
  • វាគ្មិនកិតិ្តយស នៅក្នុងបាឋកថាសាធារណៈ ស្តីពី «អង្គជំនុំជម្រះព្រហ្មទណ្ឌ៖ ពីដើមដល់ចប់សវនាការ» ដែលប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សហសាល G កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
  • វាគ្មិនកិតិ្តយស នៅក្នុងសិក្ខាសាលាជាស៊េរីលើកទី៤ ស្តីពី «សិទ្ធិពិរុទ្ធជននៅដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ» ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ (PDF)
  • ចំណាប់អារម្មណ៍ និងសន្និដ្ឋានបញ្ចប់ នៅក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ ៣ ឆ្នាំ២០២២  សាល B នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
  • ចំណាប់អារម្មណ៍ និងសន្និដ្ឋានបញ្ចប់ នៅក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ ៤ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
  • ចំណាប់អារម្មណ៍ និងសន្និដ្ឋានបញ្ចប់ នៅក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ ៥ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
  • ចំណាប់អារម្មណ៍ និងសន្និដ្ឋានបញ្ចប់ នៅក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ ៦ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។

៣. គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការី

  • គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការីជំនាន់ទី២៤
  • គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការីជំនាន់ទី២៣
  • គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការីជំនាន់ទី២១
  • គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការីជំនាន់ទី២០
  • គណៈកម្មការវាយតម្លៃ កិច្ចការស្រាវជ្រាវកម្មសិក្សាការីជំនាន់ទី១៨

រូបភាពសកម្មភាពរបស់ឯកឧត្តមបណ្ឌិត ឆាយ ហុក ផេង