១. សាវតា
សវនាការត្រាប់ (Hearing Simulation) គឺជាកម្មវិធីបណ្ដុះបណ្ដាលពង្រឹងគុណវុឌ្ឍិនិងបំពាក់បំប៉នសមត្ថភាពមួយ ដែលត្រូវបានរៀបចំឡើងនៅក្នុងក្របខណ្ឌកម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ។ ក្នុងក្របខណ្ឌនេះ និស្សិតកម្មសិក្សាការីទាំងអស់ត្រូវបានលើកទឹកចិត្ដឱ្យចូលរួមដើម្បីទទួលបានឱកាសត្រាប់សវនាការព្រហ្មទណ្ឌមួយដែលត្រូវបានរៀបចំដឹកនាំដោយអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យតុលាការ។ ក្នុងន័យនេះ និស្សិតកម្មសិក្សាការីទាំងអស់ត្រូវធ្វើការងារជាក្រុម និងត្រូវដោះស្រាយករណីសិក្សានៃរឿងក្ដីព្រហ្មទណ្ឌមួយនៅក្នុងនីតិវិធីឃុំខ្លួនបណ្ដោះអាសន្ន ដោយមានការបណ្ដុះបណ្ដាលនិងតម្រង់ទិសដោយឥតគិតថៃ្លពីសាស្រ្ដាចារ្យ និងអ្នកជំនាញវិជ្ជាជីវៈដែលជាសមាជិក សមាជិកាសមាគមសាលាត្រាជូ។
បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនិងហ្វឹកហាត់អស់ជាច្រើនសប្ដាហ៍ និស្សិតកម្មសិក្សាការីទាំងអស់ត្រូវឡើងការពារអំណះអំណាងរបស់ខ្លួននៅក្នុងសាលសវនាការត្រាប់ និងមានការចូលរួមដាក់ពិន្ទុពីគណៈកម្មការដែលជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវីដែលមានបទពិសោធក្នុងវិស័យនេះ។
ក្រោមកិច្ចសហការជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សមាគមសាលាត្រាជូបានរៀបចំសវនាការត្រាប់ប្រកបដោយភាពជោគជ័យចំនួន ២លើកមកហើយ ដែលលើកទី១ កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ និងលើកទី២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលបានការគាំទ្រពីនិស្សិតនិងមានការសំណូមពរជាច្រើន នៅក្នុងសវនាការត្រាប់វគ្គទី៣នេះក្រុមការងាររៀបចំបានសម្រេចបើកទូលាយឱ្យមានការចូលរួមពីសំណាក់និស្សិតនៃបណ្ដាសាកលវិទ្យាល័យផ្សេងទៀតដែលអាចធ្វើការដាក់ពាក្យចូលរួមប្រកួតជាលក្ខណៈបុគ្គល (មិនតំណាងស្ថាប័ន) ដោយទទួលបានឱកាសបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីដែលកំពុងប្រកបវិជ្ជាជីវៈ។
២. គោលបំណង
ការប្រកួតសវនាការត្រាប់ ធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
- ផ្ដល់ឱកាសជូនដល់និស្សិតច្បាប់ក្នុងការពង្រឹងគុណវុឌ្ឍិបន្ថែម ដើម្បីទទួលបានបទពិសោធអនុវត្តជាក់ស្ដែងនៅក្នុងសវនាការព្រហ្មទណ្ឌ តាមរយៈការបណ្ដុះសមត្ថភាពធ្វើសេចក្ដីថ្លែងការណ៍សរសេរនិងផ្ទាល់មាត់ (ជាភាសាខ្មែរ) ឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន។
- ជំរុញការចូលរួមរបស់និស្សិតច្បាប់ឱ្យបានផុសផុល ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្រ្ដ។
- បង្កើតជាវេទិកាសម្រាប់ការប្រកួតប្រជែងសមត្ថភាពនៃការតស៊ូមតិ និងវោហាស័ព្ទនៃការថ្លែងការណ៍ប្រកបដោយភាពច្បាស់លាស់ឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ។
៣. លក្ខខណ្ឌជ្រើសរើស
បេក្ខជនដែលត្រូវចូលរួមប្រកួត ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
- ជានិស្សិតផ្នែកនីតិសាស្រ្តចាប់ពីឆ្នាំទី៣ ឡើងទៅ
- មានចំណេះដឹងអំពីច្បាប់ទ្រឹស្តី និងច្បាប់នីតិវិធីក្នុងប្រទេសកម្ពុជា
- មានសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានស្ទាត់ជំនាញ
- មានភាពអត់ធ្មត់ខ្ពស់ និងស្មារតីទំនួលខុសត្រូវខ្ពស់ ក្នុងពេលបំពេញការងារ
- Open-minded in a multicultural environment
- មានពេលវេលាគ្រប់គ្រាន់សម្រាប់ទទួលការបណ្តុះបណ្តាលអំពីនីតិវិធីច្បាប់និងនីតិវិធីក្នុងការចូលរួមប្រកួតសវនាការត្រាប់។
៤. ឯកសារតម្រូវ
បេក្ខជនដែលត្រូវចូលរួមប្រកួត ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- លិខិតបញ្ជាក់ការតាំងចិត្ត (Cover Letter) ចំនួន ១ច្បាប់
- ជីវប្រវត្តិរូបសង្ខេប ចំនួន១ច្បាប់
- ព្រឹត្តិបត្រពិន្ទុនៃឆ្នាំសិក្សានីមួយៗ និង/ឬ បរិញ្ញាបត្រថតចម្លង ឬលិខិតបញ្ជាក់ការបញ្ចប់ការសិក្សាចំនួន១ច្បាប់។
៥. អត្ថប្រយោជន៍ទទួលបាន
បេក្ខជនដែលត្រូវចូលរួមប្រកួត នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- ទទួលបានការបណ្ដុះបណ្ដាលឥតគិតថ្លៃ ដោយមជ្ឈមណ្ឌលត្រាជូត្រេននីង ស្តីពីគោលការណ៍ទូទៅនៃច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
- បង្កើនសមត្ថភាពស្រាវជ្រាវ និងអនុវត្តច្បាប់ក្នុងករណីសិក្សាជាក់ស្តែង
- បណ្តុះសមត្ថភាពធ្វើសេចក្តីថ្លែងការណ៍សរសេរ និងផ្ទាល់មាត់ជាភាសាខ្មែរ
- ទទួលបានបទពិសោធត្រាប់សវនាការ ក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌពីចៅក្រម ព្រះរាជអាជ្ញា និងមេធាវី
- បណ្តុះភាពក្លាហាន ការកសាងទំនុកចិត្ដ និងភាពជឿជាក់លើខ្លួនឯង
- បង្កើនកិច្ចសហការជាក្រុម និងទំនាក់ទំនងសាធារណៈ
- ទទួលបានការបញ្ចុះតម្លៃពិសេស ចូលរៀនវគ្គបណ្ដុះបណ្ដាលនានារបស់មជ្ឈមណ្ឌលត្រាជូត្រេននីង
- ទទួលបានលិខិតសរសើរ និងពានរង្វាន់ជ័យលាភី ព្រមទាំងអនុស្សវរីយ៍